គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

National Policies

ទាញយកឯកសារកម្មវិធីនយោបាយគណបក្សសង្រ្គោះជាតិ ៖ Policy Book/2013-PDF

មាគ៌ានយោបាយ

ក‑នយោបាយក្នុងប្រទេស

នយោបាយគណបក្សសង្គ្រោះជាតិ ឈរលើ មាគ៌ាផ្សះផ្សា និងបង្រួបបង្រួមជាតិដោយបំបាត់ ចោលនូវការរើសអើងបក្សពួកគ្រួសារនិយម ដោយ ផ្អែកលើគោលការណ៍សំខាន់ៗចំនួន៦គឺ ៖

 • ប្រកាន់យកគោលការណ៍ តស៊ូដោយអហិង្សា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។
 • អនុវត្តឲ្យបានត្រឹមត្រូវ នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជា ជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី សិទ្ធិ កុមារ សិទ្ធិជនពិការ និងសិទ្ធិជនជាតិដើម ។
 • ដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ ដោយ អនុវត្តច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍ឲ្យមាន ប្រសិទ្ធភាព ។
 • ប្រកាន់យកគោលការណ៍ យុត្តិធម៌សង្គម ដោយ រដ្ឋត្រូវធានាឲ្យប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង និងមានឱកាសស្មើគ្នា ខាងនយោបាយ ខាងសេដ្ឋកិច្ច និងខាងសង្គម កិច្ច ។ល។
 • ប្រកាន់យកគោលការណ៍ ប្រជាធិបតេយ្យ សេរី ដោយគោរពប្រជាពលរដ្ឋជាម្ចាស់អំណាច ដែល ក្នុងនោះប្រជាពលរដ្ឋម្នាក់ៗ មិនមែនត្រឹមតែ មានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម គ្រប់ រូបភាព ដើម្បីពង្រឹងភាពទទួលខុសត្រូវ របស់ រាជរដ្ឋាភិបាលនោះទេ តែមានសិទ្ធិដកអំណាច ពីអ្នកដឹកនាំរាជរដ្ឋាភិបាលគ្រប់ថ្នាក់ ដែលមិន បានបម្រើផលប្រយោជន៍ជាតិបានត្រឹមត្រូវ ។
 • ប្រកាន់យកគោលការណ៍ អភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្តរភាព ដែលជម្រុញឲ្យមាន ការពង្រឹង ការផលិត សម្រាប់ការនាំចេញប្រកប ដោយភាពរឹងមាំ និងមានការប្រកួតប្រជែង ជាមួយការថែ ទាំធនធានធម្មជាតិ មានព្រៃឈើ មច្ឆាជាតិ និងធនធានរ៉ែទាំងឡាយ ឲ្យបាន គង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ យូរ អង្វែងតទៅ ។

ខ‑នយោបាយក្រៅប្រទេស

 • គណបក្សសង្គ្រោះជាតិ អនុវត្តនយោបាយការ បរទេសដោយអនុលោម តាមគោលការណ៍ សន្តិសហវិជ្ជមាន ៖
 • ការគោរពទៅវិញទៅមក នូវបូរណភាព ទឹកដី និងអធិបតេយ្យភាព ៖ មានន័យថា ហាមមិន ឲ្យបំពារបំពានលើលំហដែនដី របស់ប្រទេស ដទៃ ។
 • មិនឈ្លានពានទៅវិញទៅមក ៖ មានន័យ ថា មិនគំរាមកំហែង មិនបង្កជម្លោះ ដោយ យោធាជាមួយប្រទេសណាមួយ ។
 • មិនជ្រៀតជ្រែកទៅវិញទៅមក ចូលកិច្ចការ ផ្ទៃក្នុង ៖ មានន័យថា ប្រទេសនីមួយៗមាន ជម្រើសដោយសេរីនូវរបបនយោបាយ ដឹក នាំប្រទេសជាតិរបស់ខ្លួន ។
 • សមភាព និងអត្ថប្រយោជន៍ទៅវិញទៅមក ៖ មានន័យថាប្រទេសនីមួយៗ អាចពង្រីក រាល់ទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេស និងប្រទេស ។
 • ដោះស្រាយបញ្ហាព្រំដែន ដោយអនុលោមតាម សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រម ព្រៀងស្របច្បាប់ទាំងអស់ណា ដែលធានាដល់ បូរណភាពទឹកដីខ្មែរទាំងមូល ។

កម្មវិធីនយោបាយជាអាទិភាព១២ របស់គណបក្សសង្គ្រោះជាតិ

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ គឺជា “រាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរ” ។ ដើម្បីឆ្លើយ តបទៅនឹងអត្ថន័យនេះ និងដើម្បីឲ្យស្របទៅតាម បាវចនា សង្គ្រោះ បម្រើ ការពារ គណបក្ស សង្គ្រោះជាតិ បានសម្រេចដាក់ចេញនូវកម្មវិធី នយោបាយជាអាទិភាពដូចខាងក្រោម ៖

១‑ផ្នែកសេដ្ឋកិច្ច

 • ប្រកាន់យកគោលការណ៍ សេដ្ឋកិច្ចទីផ្សារសេរី ដែលមានការប្រកួតប្រជែងដោយសេរី និងស្មើ ភាពជាមួយការអភិវឌ្ឍន៍ ប្រកបដោយសមធម៌ ដើម្បី លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើត ការងារ និងបង្កើនប្រាក់ចំណូល ។
 • បង្កើនការផលិត ដើម្បីបម្រើសេចក្តីត្រូវការ ក្នុង ស្រុក និងការនាំចេញទៅលក់នៅបរទេស ។
 • ផ្តល់ភាពងាយស្រួល និងតម្លាភាពដល់ការធ្វើ ពាណិជ្ជកម្មធុនតូច និងមធ្យម ហើយបង្កការ ងាយស្រួល និងការជឿទុកចិត្តដល់អ្នកវិនិយោគ ទុនត្រឹមត្រូវពីក្រៅប្រទេស ។

១-១-វិស័យឧស្សាហកម្ម និងសិប្បកម្ម

 • លើកទឹកចិត្តដល់អ្នកវិនិយោគទុនក្នុង និងក្រៅ ប្រទេស លើការបង្កើតរោងចក្រ សហគ្រាស អាជីវកម្មនានា ដែលទិញយកផលិតផល កសិកម្មក្នុងស្រុក ។
 • បង្កើតមុខរបរសិប្បកម្ម ទៅតាមធនធានធម្ម ជាតិ ដែលមានតាមតំបន់ ដោយបង្កើតមណ្ឌល សិប្បកម្មក្នុងការផ្តល់ព័ត៌មានបច្ចេកទេស រក ប្រភពដើមទុន និងទីផ្សារជូនដល់សិប្បករ ។

១-២-វិស័យពាណិជ្ជកម្ម

 • ធ្វើឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាង ប្រទេសជិតខាង និងក្នុងតំបន់តាមរយៈការ បង្កើនការនាំចេញ ។
 • ជម្រុញការរកស៊ីប្រកួតប្រជែង ដោយស្មើភាព ឈរលើមូលដ្ឋានច្បាប់ និងតម្លាភាព ។
 • លើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងប្រទេស និងក្រៅ ប្រទេសឲ្យដាក់ទុនវិនិយោគ ដើម្បីបង្កើនការ ផលិតសម្រាប់ការនាំចេញ បង្កើតការងារ និង ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ។
 • រៀបចំបង្កើនការផលិតនូវផលិតផល សម្រាប់ សេចក្តីត្រូវការក្នុងស្រុក ដើម្បីទប់ស្កាត់ក្នុងការ នាំចូល និងការការពារទីផ្សារ ។

១-៣-វិស័យទេសចរណ៍

 • រៀបចំសេវាដឹកជញ្ជូន តាមផ្លូវគោក ផ្លូវទឹក ផ្លូវ អាកាស និងសេវាបម្រើភ្ញៀវឲ្យបានល្អត្រឹមត្រូវ ។
 • រដ្ឋគ្រប់គ្រងដោយខ្លួនឯង លើប្រាង្គប្រាសាទ បុរាណ តំបន់ទេសចរណ៍នានា ដែលបុព្វបុរស យើងបានបន្សល់ទុក ។
 • អភិវឌ្ឍបន្ថែម លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីពង្រឹងការថែទាំបរិស្ថាន និងជួយដល់ជីវ ភាពពលរដ្ឋក្នុងមូលដ្ឋាន ។

១-៤-វិស័យទូរគមនាគមន៍

 • ជម្រុញការផ្តល់ សេវាទូរស័ព្ទ និងអ៊ិនធឺណែត ក្នុងតម្លៃថោក ។
 • ធានាការរកស៊ី វិស័យទូរគមនាគមន៍ ដោយសេរី និងស្មើភាព ។
 • ធានាការប្រើប្រាស់ បច្ចេកទេស ទូរគមនាគមន៍ សម្រាប់ការទទួលបានព័ត៌មានដោយសេរី ។

១-៥-វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 • លុបបំបាត់ការិយាធិបតេយ្យដ៏ស្មុគស្មាញ ។
 • ច្រកចេញ‑ចូលតែមួយ ។
 • តម្រូវឲ្យមានការចាយវាយរូបិយវត្ថុជាតិ ជាផ្លូវ ការពោលគឺ ប្រាក់រៀល ។
 • ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ពីការលាងលុយកខ្វក់ ។
 • ប្រើប្រាស់យន្តការ និងបច្ចេកទេសដែលមាន ប្រសិទ្ធភាពក្នុងការប្រមូលថវិកាជាតិ ។

២‑ផ្នែកអប់រំ និងយុវជន

ការអប់រំ គឺជាឧបករណ៍ប្រសើរបំផុតសម្រាប់ ការអភិវឌ្ឍន៍ប្រទេសប្រកបដោយជោគជ័យ តាមរយៈ ការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាព និងការ ទទួលខុសត្រូវក្នុងសង្គម ដោយក្នុងនោះរដ្ឋត្រូវតែ ផ្តល់ឱកាសស្មើភាពគ្នាដល់ពលរដ្ឋគ្រប់រូប ក្នុងការ ទទួលបានការអប់រំប្រកបដោយគុណភាព

 • គណបក្សសង្គ្រោះជាតិ ធ្វើកំណែទម្រង់ប្រព័ន្ធ អប់រំស៊ីជម្រៅ ឲ្យមានគុណភាព និងបង្កើតឲ្យ មានស្តង់ដារក្នុងការអប់រំ លើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយចំណាយ ថវិកាជាតិលើសពី២០% នៃថវិកាជាតិលើវិស័យ អប់រំ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសយុវជន មានចំណេះដឹងជំនាញពិតប្រាកដ ដើម្បីទទួល បានការងារធ្វើ និងបានប្រាក់ចំណូលខ្ពស់ ។
 • រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង ជួយឲ្យយុវជនមានចំណេះដឹង និងជំនាញបាន គ្រប់គ្នា ។ ចំពោះយុវជនដែលមិនចង់បន្តការ សិក្សានៅមហាវិទ្យាល័យ រដ្ឋផ្តល់ជូននូវការ បណ្តុះបណ្តាលចំណេះវិជ្ជាជីវៈជំនាញ ឲ្យបាន គ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារការងារ ដើម្បី អាចយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ដោយរដ្ឋ ធានាផ្តល់ជូននូវទឹកប្រាក់កម្ចី សម្រាប់ធ្វើជា ដើមទុន និងមានសេវាប្រឹក្សាយោបល់ ។
 • ជម្រុញកម្មវិធីផ្តល់ប្រាក់កម្ចី ឲ្យបានយ៉ាងតិច បំផុត៥ម៉ឺននាក់ក្នុងមួយឆ្នាំ សម្រាប់និស្សិតក្រី ក្រ ដែលមានបំណងចង់បន្តការសិក្សា នៅតាម មហាវិទ្យាល័យ ហើយអាចសងមករដ្ឋវិញ ជា ដំណាក់កាលបន្តិចម្តងៗ ក្នុងចន្លោះពេលពី ១០‑១៥ឆ្នាំ ក្រោយពេលបញ្ចប់ការសិក្សា ហើយមានការងារធ្វើ និងមានសមត្ថភាពរក ប្រាក់ ចំណូលបាន ។
 • បង្កើនកម្មវិធីអាហារូបករណ៍ទាំងក្នុង និងក្រៅ ប្រទេសឲ្យបាន១ម៉ឺននាក់ក្នុងមួយឆ្នាំ សម្រាប់ សិស្ស និស្សិត ដែលរៀនពូកែ ។
 • ជម្រុញ និងលើកទឹកចិត្ត ឲ្យមានសកលវិទ្យា ល័យ នៅគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បី បង្កភាពងាយស្រួលដល់កូនអ្នករស់នៅ ជនបទ ឲ្យមានលទ្ធភាពចូលរៀនបានគ្រប់គ្នា ។ កសាង និងពង្រាយសាលារៀនគ្រប់កម្រិត ឲ្យ ស្របតាមបរិមាណសិស្ស និងតាមតំបន់ភូមិ សាស្ត្រដោយ មានគម្រោងផែនការជាក់លាក់ និងជម្រុញឲ្យ មានមតេយ្យសាលាសម្រាប់អប់រំ និងថែរក្សា កូនក្មេងឲ្យបានគ្រប់ឃុំ ។
 • លើកកម្ពស់តម្លៃគ្រូបង្រៀន ដោយតម្លើងប្រាក់ បៀវត្សជូនលោកគ្រូ‑អ្នកគ្រូ យ៉ាងតិច១លាន រៀល ក្នុងមួយខែ និងផ្តល់ថវិកាសម្រាប់សិក្សា ស្រាវ ជ្រាវឲ្យបានគ្រប់គ្រាន់ ។ ផ្តល់ជូនប្រាក់ ឧបត្ថម្ភបន្ថែមចំពោះលោកគ្រូ‑អ្នកគ្រូ ដែល ស្ម័គ្រចិត្ត ទៅបង្រៀននៅតាមតំបន់ជនបទដាច់ ស្រយាល ។ ពង្រឹងគុណភាពអប់រំ តាមរយៈ ពង្រឹងក្រមសីលធម៌ និងពង្រឹងសមត្ថភាព លោកគ្រូ‑អ្នកគ្រូ ។
 • ផ្តល់ការអប់រំ ផ្នែកការពារបរិស្ថាន ធនធានធម្ម ជាតិ វប្បធម៌ និងបេតិកភណ្ឌជាតិ ។

៣‑ផ្នែកការងារ

រដ្ឋមានកាតព្វកិច្ច ជម្រុញការបង្កើតការងារ ត្រឹមត្រូវដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ក្នុងការទ្រ ទ្រង់ជីវភាពរស់នៅ ប្រកបដោយកិត្តិយស និងសេចក្តី ថ្លៃថ្នូរដល់ពលរដ្ឋខ្មែរ

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ មាន ភារកិច្ចសំខាន់ និងបន្ទាន់ក្នុងការអនុវត្តន៍នូវកម្មវិធី នយោបាយដែលមានប្រសិទ្ធភាព ក្នុងការបង្កើត ការងារត្រឹមត្រូវ មានប្រាក់ចំណូលសមរម្យដល់ ប្រជាពលរដ្ឋខ្មែរ ។ សព្វថ្ងៃពលរដ្ឋដែលពុំមានការ ងារត្រឹមត្រូវធ្វើ មានចំនួនកាន់តែច្រើនឡើង ដែល បង្ខំចិត្តឲ្យពួកគេធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅ ប្រទេសឆ្ងាយពីក្រុមគ្រួសារ និងទទួលរងការពិបាក វេទនាសព្វបែបយ៉ាង ។

ការងារត្រឹមត្រូវ គឺសំដៅយកការងារ ដែល ពលរដ្ឋត្រូវបំពេញក្នុងរយៈពេលមិនលើស ៨ ម៉ោង ក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយអាទិត្យ ហើយទទួល បានប្រាក់កម្រៃ យ៉ាងតិច៦០ម៉ឺនរៀលក្នុងមួយខែ នៅ ទីកន្លែង ដែលមានបរិយាកាសធានានូវសុវត្ថិភាព និង សុខភាព ផ្ទាល់ខ្លួនផង ។

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង ចាប់ផ្តើមនយោបាយផ្តល់ការងារ តាមរយៈការផ្តល់ដី ដល់កសិករ ការជម្រុញក្រុមហ៊ុនដែលអភិវឌ្ឍលើដីធ្លី មានវិធានការដាំដុះដំណាំកសិឧស្សាហកម្ម ការលើក ទឹកចិត្តឲ្យមានការវិនិយោគលើឧស្សាហកម្ម ដែលប្រើ ប្រាស់វត្ថុធាតុដើម និងផលិតផលកសិកម្មក្នុងស្រុក ។

ការស្រាវជ្រាវលើព័ត៌មានទីផ្សារការងារ ដោយ សហការជាមួយ អង្គការILO និងសហគ្រាសនានា ដើម្បីជាមូលដ្ឋានសំខាន់ ដែលនឹងនាំមកនូវកម្មវិធីនៃ ការហ្វឹកហ្វឺនជំនាញដល់ពលករឲ្យបានគ្រប់គ្រាន់ និង ទាន់ពេលវេលា សម្រាប់បំពេញសេចក្តីត្រូវការនៃ ទីផ្សារការងារ ដែលជាកត្តាអាចទាក់ទាញវិនិយោគ ទុនមកពីបរទេសបានច្រើន ។

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ ជម្រុញ ការលុបបំបាត់អំពើពុករលួយ ឲ្យមាន ប្រសិទ្ធភាព ដើម្បីធានាការផ្តល់សេវាល្អត្រឹមត្រូវ ដល់ កិច្ចការវិនិយោគទុន លើកស្ទួយដល់ការធ្វើពាណិជ្ជ កម្មធុនតូច និងកណ្តាលសម្រាប់ការផលិតបម្រើ សេចក្តីត្រូវការក្នុងស្រុក និងនាំចេញទៅបរទេស ។

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង បង្កើតឲ្យមានច្បាប់ស្តីពី “សហគ្រាសរដ្ឋទំនាក់ទំនង ពលករ” (State Enterprise Labor Relations) ដើម្បីជួយដល់សហជីពក្នុងប្រទេស ក្នុងការពង្រឹង សមត្ថភាពលើកិច្ចការចរចា ការការពារសិទ្ធិ និងផល ប្រយោជន៍ពលករ រួមទាំងការហ្វឹកហ្វឺនជំនាញដល់ ពលករខ្មែរផង ។

៤‑ផ្នែកសេវាសុខាភិបាល

គ្មានពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានទុកឲ្យ ស្លាប់ ដោយសារពុំមានប្រាក់ព្យាបាលជម្ងឺនោះទេ រាជរដ្ឋាភិបាលត្រូវផ្តល់សេវាព្យាបាលជម្ងឺ ដោយឥត យកប្រាក់ ចំពោះពលរដ្ឋក្រីក្រ ព្រមទាំងផ្តល់នូវប្រព័ន្ធ ទឹកស្អាត ប្រព័ន្ធអនាម័យ និងសេវាចាំបាច់ផ្សេង ទៀតមានការអប់រំផ្នែកសុខភាពផង ដល់ពលរដ្ឋ គ្រប់រូប

ដូចនេះគណបក្សសង្គ្រោះជាតិ មានគោល នយោបាយឲ្យមានការកែទម្រង់ ក្នុងវិស័យសុខាភិបាល លើ៦ចំណុចសំខាន់ដូចខាងក្រោម ៖

 1. រៀបចំឲ្យមន្ទីរពេទ្យព្យាបាលជម្ងឺទាំងអស់ ត្រូវ ព្យាបាលអ្នកជម្ងឺឲ្យបានត្រឹមត្រូវ ដោយមាន គ្រូពេទ្យប្រកបដោយជំនាញ និងសីលធម៌រួម ទាំងមានថ្នាំពេទ្យ និងបរិក្ខាពេទ្យគ្រប់គ្រាន់ ។ រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង បង្កើតឲ្យមានមជ្ឈមណ្ឌលថែទាំ សុខភាព មាតា និងទារកតាមមូលដ្ឋាន ដើម្បីផ្តល់ការ ថែទាំដល់មាតាមុន និងក្រោយសម្រាលកូន ហើយផ្តល់ការដឹកជញ្ជូន មាតាទៅសម្រាល កូននៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ។
 2. បង្កើតប្រព័ន្ធការពារសុខភាព ដែលផ្តោតលើ ការរស់នៅរបស់ពលរដ្ឋ ប្រកបដោយសុខុ មាលភាព តាមរយៈការទទួលទានម្ហូបអាហារ ដែលមានអនាម័យ និងមានជីវជាតិ ហើយរស់ នៅធ្វើការងារក្នុងបរិស្ថាន ដែលមានសុវត្ថិភាព ជៀសផុត ពីការបៀតបៀនដោយជម្ងឺឆ្លង ផ្សេងៗ ។ កម្មវិធីនេះចាំបាច់ត្រូវផ្តោតទៅលើ ការធ្វើកែលម្អច្បាប់មួយចំនួន ដើម្បីទប់ទល់ ការលក់ឱសថក្លែងក្លាយ រួមទាំងការរៀបចំ ប្រព័ន្ធទឹកស្អាត និងត្រួតពិនិត្យជាតិគីមីនៅ ក្នុងម្ហូបអាហារជាដើម ។
 • បង្កើតបែបបទគ្រប់គ្រងមួយ នឹងការពារសុខ ភាពពលរដ្ឋ ពីផលប៉ះពាល់ដែលអាចកើត មានឡើង តាមរយៈសកម្មភាពសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍នានា ជាមួយនឹងការបង្កើត ប្រព័ន្ធធានារ៉ាប់រងសុខភាព ដែលពលរដ្ឋនឹង ទទួលបាននូវសេវាព្យាបាលជម្ងឺ ដែលមាន គុណភាព ជាលក្ខណៈសកល ហើយនឹង មិនយកកម្រៃសម្រាប់ពលរដ្ឋក្រីក្រ ។
 1. ពង្រឹងការអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់អំពីសក្តានុពលក្នុងការថែរក្សាសុខភាព ដោយ បង្កើតឲ្យមានការចូលរួម និងរៀនសូត្រនៅ តាមមូលដ្ឋាន ។ កម្មវិធីការពារសុខភាពជា សកម្មភាពសំខាន់ ក្នុងការថែរក្សាសុខភាព ហេតុនេះចាំបាច់ត្រូវបន្ថែម ឲ្យមានការផ្សព្វ ផ្សាយព័ត៌មាន ផ្នែកថែទាំសុខភាពដល់ប្រជា ពលរដ្ឋឲ្យបានទូលំទូលាយ ។
 2. កសាងក្រុមជំនាញវិជ្ជាជីវៈពេទ្យ ដែលមាន សមត្ថភាព ដោយផ្តល់ប្រាក់បៀវត្សសមរម្យ ហើយបំពេញតួនាទី ក្នុងអាជីពដោយសន្យា និង ធានាថាជាគ្រូពេទ្យ ដែលមានសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ។
 3. រៀបចំយន្តការ ក្នុងប្រព័ន្ធរដ្ឋបាលរបស់ក្រសួង សុខាភិបាលឲ្យមានតម្លាភាព ។ ជាចាំបាច់ត្រូវ ជម្រុញការធ្វើវិមជ្ឈការ នៅក្នុងវិស័យសុខាភិ បាលសាធារណៈ ជាមួយការបង្កើតអាជ្ញាធរ មួយសម្រាប់ទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធការពារសុខភាព ដែលឆ្លើយតបនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ដោយសហការ ជាមួយអង្គការក្រៅរាជរដ្ឋាភិបាល និងជួយ ជម្រុញឲ្យអង្គភាពពាក់ព័ន្ធ ទាំងក្នុងប្រព័ន្ធ សាធារណៈ និងប្រព័ន្ធឯកជនធ្វើការងារស្រប គ្នាដើម្បីបំពេញសេចក្តីត្រូវការរបស់មូលដ្ឋាន ។ ត្រូវបង្កើតអង្គភាពសវនកម្ម សម្រាប់វិស័យ សុខាភិបាលសាធាណៈ ក្នុងការទទួលពាក្យ បណ្តឹង និងត្រួតពិនិត្យស្តង់ដាររបស់មន្ទីរ ពេទ្យ និងមន្ទីរសុខភាព ។ បទដ្ឋានស្តង់ដារ សុខាភិបាលសាធារណៈ នឹងត្រូវចែងឲ្យបាន ច្បាស់លាស់ក្នុងច្បាប់ ។

៥‑ផ្នែកកសិកម្ម

ជីវភាពកសិករខ្មែរ ត្រូវតែទទួលបានការលើក តម្កើង និងធានាដោយរដ្ឋតាមរយៈការមានដីធ្លីគ្រប់ គ្រាន់សម្រាប់ការបង្កបង្កើតផលតាមបច្ចេកទេសដែលទទួលបានទិន្នផលច្រើន និងមានទីផ្សារសម្រាប់លក់ បានចំណេញត្រឹមត្រូវ

យុទ្ធសាស្ត្រទូលំទូលាយ ក្នុងវិស័យកសិកម្ម ដែលទិសដៅដំបូង គឺពង្រឹងនូវលទ្ធភាពនៃការប្រកួត ប្រជែងនៃកសិករខ្មែរនៅលំដាប់ទីផ្សារ ។ វិធីដែល មានប្រសិទ្ធភាព និងចិរភាពសម្រាប់កសិករ គឺផ្តល់ នូវការលើកទឹកចិត្តដល់កសិករ ក្នុងការបង្កើតផលិត ផលដែលមានគុណភាពខ្ពស់ សម្រាប់លក់ក្នុងតម្លៃ អាចប្រកួតប្រជែងបាន ។

តាមពិតកសិករខ្មែរមានបញ្ហាមួយចំនួន ដែល ត្រូវយកចិត្តទុកដាក់ដូចជាភាពមិនចេះអក្សរ ការខ្វះ កិច្ចការពារលើសិទ្ធិជាម្ចាស់ដីស្រែចម្ការ និងការមាន លទ្ធភាពតិចតួចដើម្បីបង្កើនជីវភាពរស់នៅ ។ បើទោះ មានដំណោះស្រាយដូចមានចែងខាងក្រោម ក៏ដោយ ក៏ដំណោះស្រាយទាំងនេះ ត្រូវការសកម្មភាពចូលរួម យ៉ាងខ្លាំងពីស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា រដ្ឋបាល មូលដ្ឋាន និងការអប់រំជាដើម ដើម្បីឲ្យកសិករខ្មែរ អាចមានលទ្ធភាព ក្នុងការចូលរួមដ៏សកម្មប្រកបដោយ ជោគជ័យក្នុងការអភិវឌ្ឍន៍សង្គមខ្មែរទាំងមូល ។

ការរៀបចំឲ្យមាននយោបាយ ជាវិធានការ ដ៏ មានប្រសិទ្ធភាពក្នុងការអនុវត្តន៍ ជួយដល់កសិករ ខ្មែរ ឲ្យមានជីវភាពធូរធារឆាប់រហ័សជាបន្ទាន់ នោះរាជ រដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ ជម្រុញឲ្យមាន ការដោះស្រាយលើបញ្ហាមួយចំនួនដូចតទៅ ៖

(ក)‑បញ្ហាដីធ្លី

 • ត្រូវធ្វើការពិនិត្យលើដី ដែលរាជរដ្ឋាភិបាល បច្ចុប្បន្តផ្តល់ជាសម្បទាន៩៩ឆ្នាំ ឲ្យទៅក្រុម ហ៊ុន ហើយបើពិនិត្យតាមផ្លូវច្បាប់រកឃើញថា មានភាពមិនត្រឹមត្រូវ ឬក្រុមហ៊ុនពុំបានអនុវត្ត ការដាំដុះតាមកិច្ចសន្យានោះ រដ្ឋត្រូវមានវិធាន ការដកយកដីទាំងនេះទុកជាសម្បត្តិរដ្ឋ រួច អាចធ្វើការបែងចែក ជូនទៅគ្រួសារកសិករ ដែលគ្មានដីធ្លី ឬខ្វះដីធ្លីធ្វើស្រែចម្ការ ។
 • រាល់កិច្ចសន្យានានា ដែលរាជរដ្ឋាភិបាលកំពុង ធ្វើលើគម្រោងការអភិវឌ្ឍន៍ផ្ទៃដីទំហំធំៗ ត្រូវ ធ្វើការសិក្សាឡើងវិញ ដើម្បីរក្សាទុកផ្ទៃដី សម្រាប់ ការអភិវឌ្ឍន៍ដែលមានទិសដៅ ត្រឹម ត្រូវជួយដល់កសិករ ។
 • ត្រូវផ្តល់ដីធ្លីដែលអ្នកមានអំណាច ឬក្រុមហ៊ុន បានយកទៅដោយបំពាន ឲ្យពលរដ្ឋជាម្ចាស់ វិញ ។

(ខ)‑កាត់បន្ថយការចំណាយច្រើន លើការផលិត

 • បង្កើតច្បាប់ស្តីពី “ការបង្កើតសហគមន៍ កសិករ” ដើម្បីផ្តល់ភាពងាយស្រួល ដល់ កសិករក្នុងការទទួលបានការជួយឧបត្ថម្ភ ពី រាជរដ្ឋាភិបាល និងអង្គការក្រៅរាជរដ្ឋាភិបាល ហើយអាចឲ្យ កសិករអាចទិញសម្ភារៈកសិ កម្មរួមគ្នា មានតម្លៃថោក និងអាចងាយស្រួល ដល់ការជួយឧបត្ថម្ភផ្សេងៗ ពីរាជរដ្ឋាភិបាល និងអង្គការនានា ។
 • កំណត់តម្លៃប្រេងឥន្ធនៈ ជីកសិកម្ម សម្ភារៈ កសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឲ្យមានតម្លៃ ប្រហាក់ប្រហែលនឹងប្រទេសជិតខាង ។
 • លុបបំបាត់សិទ្ធិផ្តាច់មុខ នៃការនាំចេញទិញ ឬលក់ផលិតផល និងសម្ភារៈកសិកម្ម ។
 • បង្កើតនាយកដ្ឋាន ឬស្ថាប័នជាន់ខ្ពស់មួយ ដើម្បីជួយទ្រទ្រង់ដល់សហគមន៍កសិករ ។

(គ)‑ជំនួយបច្ចេកទេស

 • យុវជនដែលនៅតាមភូមិ ហើយធ្លាប់ជាសិស្ស សាលា អាចត្រូវទទួលការហ្វឹកហ្វឺនបច្ចេក ទេសកសិកម្ម ដោយពួកគេអាចឆាប់យល់ ពីបច្ចេកទេសថ្មី និងអាចជួយឪពុកម្តាយ ក្នុង ការធ្វើឲ្យ ប្រសើរឡើងនូវការផលិតដំណាំ ។
 • ត្រូវបង្កើនថវិកាជាតិ សម្រាប់វិស័យកសិកម្ម ដើម្បីផ្តល់មធ្យោបាយ ដល់មន្ត្រីបច្ចេកទេស កសិកម្មអាចចុះជួយដល់កសិករ លើផ្នែក បច្ចេកទេសដាំដុះប្រើប្រាស់ជី និងថ្នាំកំចាត់ សត្វល្អិត រួមទាំងផ្តល់ចំណេះដឹងផ្នែកទីផ្សារ លក់ផលិតផលផង ។
 • ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមានវិទ្យុ និងទូរ ទស្សន៍របស់រដ្ឋ និងឯកជនដើម្បីផ្តល់ព័ត៌មាន ទីផ្សារ និងចំណេះបច្ចេកទេសទៀងទាត់ និង ទាន់ពេលវេលាដល់កសិករ ។

(ឃ)‑ព័ត៌មាន និងទីផ្សារលក់ផលិតផល

 • រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ ជម្រុញឲ្យមានការបង្កើត ការិយាល័យកសិកម្ម មូលដ្ឋានដែលមានទីតាំងនៅគ្រប់ឃុំ ។ ការិ យាល័យនេះនឹងបម្រើសេវាច្រើនយ៉ាង ដល់ កសិករមូលដ្ឋានដូចជា ៖ ប្រមូលតួលេខនៃ តម្លៃផលិតផលកសិកម្មនៅទីផ្សារ ដើម្បី បញ្ចូលប្រព័ន្ធទូរស័ព្ទដៃផ្តល់ទៅកសិករ និង បិទបញ្ជី តម្លៃទំនិញប្រចាំថ្ងៃនេះ នៅការិយា ល័យផង ។ ការិយាល័យកសិកម្មឃុំ អាចរៀប ចំឲ្យមានការអប់រំដល់កសិករ នូវចំណេះដឹង ពីដំណាំឆ្លាស់ គ្នាការផលិតជីធម្មជាតិ និងការ ប្រើប្រាស់ជី និងថ្នាំកំចាត់សត្វល្អិត ។ ការិយា ល័យកសិកម្ម អាចជួយហ្វឹកហ្វឺនដល់ស្ត្រីជា កសិករ និងជាពិសេសយុវជនតាមភូមិ ដែល គ្មានការងារធ្វើ នូវបច្ចេកទេសដាំដុះថ្មីៗ មាន ប្រសិទ្ធភាព និងតាមតម្រូវការទីផ្សារ ដើម្បីឲ្យ គេអាចជួយឪពុកម្តាយ បង្កើនការផលិត ដោយអនុវត្តការផលិត តាមបែបដែលមាន ប្រសិទ្ធភាព ។

(ង)‑ប្រព័ន្ធធារាសាស្ត្រ

 • រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ ជម្រុញឲ្យមានការផ្តល់មធ្យោបាយ ដល់រដ្ឋ បាលមូលដ្ឋានតាមខេត្តនានា ក្នុងការធ្វើឲ្យ មានការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ប្រកប ដោយការទទួលខុសត្រូវ និងតម្លាភាព ។
 • រៀបចំឲ្យមានថវិកា សម្រាប់ជួយដល់សហ គមន៍កសិករ និងអាជ្ញាធរមូលដ្ឋានដើម្បីថែទាំ ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងធ្វើការ ជីកប្រឡាយតូចៗ តភ្ជាប់ប្រព័ន្ធមេ ទៅស្រែ ពលរដ្ឋរួមទាំងប្រើប្រាស់ថវិកានេះ សម្រាប់ ការបង្កើត ប្រព័ន្ធធារាសាស្ត្រខ្នាតតូច តាម សេចក្តីត្រូវការជាក់លាក់ និងប្រសិទ្ធភាព ។
 • ផ្តល់លទ្ធភាពដល់សហគមន៍កសិករ ក្នុងការ ទទួលបានការហ្វឹកហ្វឺន សម្រាប់ការបង្កើត និងថែទាំប្រឡាយតូចៗ ដែលតភ្ជាប់ពីប្រព័ន្ធ ធារាសាស្ត្រមេទៅស្រែចម្ការ ។

(ច)‑កាត់បន្ថយតម្លៃការប្រាក់ខ្ពស់

 • ជួយកសិករឲ្យបង្កើតសហគមន៍កសិករ នៅ តាមមូលដ្ឋានបានងាយស្រួល ដើម្បីពួកគេ អាចប្រើប្រាស់សហគមន៍នេះ ក្នុងការទិញរួម គ្នានូវសម្ភារៈកសិកម្ម និងជីជាដើមបានថោក ជាងទិញម្នាក់ៗ ។ ហើយក៏អាចប្រើប្រាស់ សហគមន៍ក្នុងការរកការឧបត្ថម្ភ ពីរាជរដ្ឋា ភិបាលនិងអង្គការផ្សេងៗផង និងខ្ចីប្រាក់ពី ធនាគារដែលមានការប្រាក់ថោក រួមទាំងអាច រកទីផ្សារ លក់ផលិតផលរួមបានតម្លៃខ្ពស់ ជា ដើម ។ ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវឲ្យទៅកសិករ គ្រប់គ្នាយ៉ាងឆាប់បំផុត ដើម្បីពួកគេអាចប្រើ ប្រាស់ សម្រាប់ការខ្ចីប្រាក់ពីធនាគារបាន ក្នុង កម្រិត ការប្រាក់ទាបជាងការខ្ចីបុលពីឈ្មួញ ។
 • រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ នឹង បង្កើតច្បាប់ដើម្បីគ្រប់គ្រងអាត្រាការប្រាក់ នៃ ការចងការជាឯកជន កុំឲ្យឈ្មួញដាក់តម្លៃ ខ្ពស់ហួសហេតុពេក និងបង្កើតគម្រោងម៉ៃក្រូ ហិរញ្ញវត្ថុសម្រាប់ជួយដល់កសិករ តាមរយៈ សហគមន៍ និងដោយកំណត់អត្រាការប្រាក់ មិនឲ្យលើសពី១% ក្នុងមួយខែ ។

៦‑ផ្នែកការពារទ្រព្យសម្បត្តិជាតិ និងបរិស្ថាន

 • ធ្វើបញ្ជីទ្រព្យសម្បត្តិធនធានរបស់ជាតិ ឲ្យ បានច្បាស់លាស់ជាបន្ទាន់ និងដោយតម្លា ភាព ហើយយកដាក់ជាសម្បត្តិរដ្ឋវិញនូវ បឹង ដី ព្រៃឈើ និងអគាររបស់រដ្ឋដែលអ្នកមាន អំណាច រំលោភយកដោយខុសច្បាប់ ។
 • ធ្វើការគ្រប់គ្រងធនធានធម្មជាតិ ដូចជា រ៉ែ ប្រេង កាត ត្បូង មាស ទង់ដែង ដែក និងព្រៃ ឈើ ឲ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ ជាតិដល់ប្រជាពលរដ្ឋទូទៅ ។
 • រាល់ការរុករក និងធ្វើអាជីវកម្មរ៉ែត្រូវដាក់ឲ្យ មានការដេញថ្លៃ ពីក្រុមហ៊ុនឯកជននានា ដោយមាន តម្លាភាពហើយរដ្ឋ និងក្រុមហ៊ុន ត្រូវប្រកាសពីចំណូល និងចំណាយជាប្រចាំ និងជាសាធារណៈ ។
 • រាល់ការអនុវត្តន៍អាជីវកម្មរ៉ែ ការសាងសង់វារី អគ្គិសនី ការសាងសង់រោងចក្រ សហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធធំៗផ្សេងៗ ត្រូវតែមាន ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសង្គម និង បរិស្ថានធម្មជាតិ ឲ្យបានច្បាស់លាស់ជាមុន សិន ។
 • ការពារឲ្យមាននិរន្តរភាពធនធានធម្មជាតិ និង និរន្តរភាពបរិស្ថានធម្មជាតិតាមរយៈ ៖
 • ទប់ស្កាត់ការនេសាទខុសច្បាប់ បង្កើតឲ្យ មានតំបន់អភិរក្សត្រីធម្មជាតិ និងរៀបចំ ពង្រឹងសហគមន៍នេសាទ ដើម្បីគ្រប់គ្រង ដែននេសាទប្រកបដោយប្រសិទ្ធភាព ។
 • ស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិ ដូចជា ទន្លេ ព្រែក ស្ទឹង ដើម្បីចរាចរបន្តពូជនៃមច្ឆា ជាតិ ។
 • បញ្ឈប់ និងលុបចោលការផ្តល់ព្រៃសម្ប ទាន និងដីសម្បទានសេដ្ឋកិច្ច ដល់ក្រុម ហ៊ុនឯកជន និងពង្រឹងសហគមន៍ព្រៃឈើ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃ ឈើប្រកបដោយនិរន្តរភាព ។
 • ចាត់វិធានការម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ និងនាំឈើប្រណិត ចេញទៅក្រៅប្រទេស ទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ។
 • រដ្ឋចាត់វិធានការ ដាំដើមឈើទូទាំង ប្រទេសឡើងវិញ ជាពិសេសនៅតាម តំបន់ព្រៃភ្នំ ដែលត្រូវគេកាប់បំផ្លាញ និង បំផុសឲ្យមាន ការចូលរួមថែទាំទាំងអស់ គ្នា ដើម្បីការពារបរិស្ថាន និងបញ្ចៀស គ្រោះធម្មជាតិ ដូចជាព្យុះទឹកជំនន់ និង ភាពរាំងស្ងួត ។

៧‑ផ្នែកការពារតម្លៃជាតិអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីជាតិខ្មែរ

 • អ្នកដឹកនាំសំខាន់ៗ ត្រូវមានដើមកំណើត ជា ខ្មែរ ដោយឡែកនាយករដ្ឋមន្ត្រី ត្រូវមានយ៉ាង តិចណាស់ឪពុក ឬម្តាយដែលមានដើម កំណើតជាខ្មែរ ។
 • បង្កើតវប្បធម៌សន្ទនាគ្នា រវាងគណបក្សកាន់ អំណាច និងគណបក្សប្រឆាំង ។
 • បណ្តុះបណ្តាល និងផ្សព្វផ្សាយវប្បធម៌ អហិង្សា ការអត់ឱនអធ្យាស្រ័យ និងការ សន្ទនាគ្នាជាចម្បង ។
 • អប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវ សីលធម៌ វប្បធម៌ ពលរដ្ឋវិជ្ជា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទំលាប់ សាសនា ជាតិ និងស្មារតីស្នេហាជាតិ តាម រយៈកម្មវិធី សិក្សាសិល្បៈវិទ្យុ ទូរទស្សន៍ សារ ព័ត៌មាន និងផ្ទាំងផ្សព្វផ្សាយសាធារណៈ ។
 • ចាត់វិធានការដើម្បីលុបបំបាត់ ការជួញដូរ មនុស្សការជួញដូរគ្រឿងញៀន ការលេង ល្បែង ស៊ីសងគ្រប់ប្រភេទ បំបាត់អំពើហិង្សា ក្នុងគ្រួសារ បងតូច បងធំ និងអំពើពាលា អាវាសែដទៃទៀត ។
 • បដិសេធចោលនូវការផ្តល់សញ្ជាតិខ្មែរ ឲ្យជន បរទេសកន្លងទៅណាដែលធ្វើឡើង ដោយ ខុសច្បាប់ ។
 • ការពង្រឹងសីលធម៌ល្អ តាមរយៈការលើកទឹក ចិត្ត និងផ្ដល់កិត្តិយសដល់សប្បុរសជន និង អ្នកដែលបានលះបង់ ពិសេសដើម្បីជាផល ប្រយោជន៍សង្គម ។

៨‑ផ្នែកកសាងសង្គមប្រជាធិបតេយ្យសេរី

និងទប់ស្កាត់អំណាចផ្តាច់ការ

 • កំណត់អាណត្តិនាយករដ្ឋមន្ត្រី ដោយបុគ្គល ម្នាក់មិនអនុញ្ញាតឲ្យធ្វើនាយករដ្ឋមន្ត្រី លើស ពី ២អាណត្តិ ឬ១០ឆ្នាំ ។
 • ពង្រឹងស្ថាប័នប្រជាធិបតេយ្យ និងធ្វើឲ្យមាន តុល្យភាពអំណាច និងបែងចែកអំណាចដាច់ ពីគ្នារវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិ ប្បញ្ញត្តិ និងអំណាចតុលាការ ។ បែងចែកឲ្យ ដាច់ពីគ្នាក្នុងការគ្រប់គ្រងរដ្ឋ និងបក្សដែល ក្នុងនោះប្រធានតុលាការ និងព្រះរាជអាជ្ញា គ្រប់លំដាប់ថ្នាក់ មិនត្រូវជាសមាជិក គណបក្សនយោបាយទេ។
 • បង្កើតនូវវប្បធម៌ប្រជាធិបតេយ្យ ដោយផ្ទាល់ ដោយបើកឲ្យមានវេទិកាជាផ្លូវការ ជួបសួរ ដេញដោលជាសាធារណៈ រវាងអ្នកដឹកនាំ រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជាមួយប្រជា ពលរដ្ឋ និងឲ្យមានសមាជជាតិប្រចាំឆ្នាំ ក្នុង ការសម្រេចបញ្ហាធំៗរបស់ជាតិ អនុញ្ញាតឲ្យ មានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋ ដោយធ្វើ ប្រជាមតិជាដើម ។
 • បង្កើតនូវក្រមសីលធម៌ សម្រាប់អ្នកដឹកនាំ ដោយតម្រូវឲ្យអ្នកដឹកនាំ ដែលមានកំហុស ឆ្គងប៉ះ ពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ឬដល់ប្រយោជន៍ប្រជាពលរដ្ឋ ក្នុងកម្រិត ណាមួយត្រូវលាឈប់ពីមុខដំណែង ។
 • កែប្រព័ន្ធបោះឆ្នោត ឲ្យទៅជាប្រព័ន្ធឯកត្តនាម ឬប្រព័ន្ធចម្រុះ ដោយឲ្យមានបេក្ខជនឯករាជ អាចឈរឈ្មោះបាន ។ ប្រជាពលរដ្ឋជាអ្នក បោះឆ្នោតដោយផ្ទាល់ ជ្រើសរើសប្រធានភូមិ មេឃុំ-ចៅសង្កាត់ អភិបាលក្រុង-ស្រុក-ខណ្ឌ និងអភិបាលរាជធានី-ខេត្ត ។
 • កែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដោយមិនត្រូវជ្រើសចេញពីគណបក្ស នយោបាយឡើយ តែត្រូវជ្រើសចេញពីមជ្ឈ ដ្ឋានឯករាជ ដើម្បីធានាការបោះឆ្នោតប្រកប ដោយសេរី និងយុត្តធម៌ពិតប្រាកដ ។
 • រៀបចំចំនួន សមាជិកគណៈរដ្ឋមន្ត្រី គណៈ អភិបាលគ្រប់លំដាប់ថ្នាក់ និងទីប្រឹក្សាឲ្យមាន ចំនួនតិចតែបំពេញការងារ ជាប្រយោជន៍ជាតិ មានប្រសិទ្ធភាព ។
 • បង្កើតអង្គភាពឯករាជ្យផ្នែកសិទ្ធិមនុស្ស ដើម្បី ប្រឆាំងទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ឲ្យ មានប្រសិទ្ធភាព ។

៩‑ផ្នែកកសាងសង្គមស្អាតស្អំ និងយុត្តិធម៌

 • ធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ឲ្យ ស្របតាមស្តង់ដារអន្តរជាតិ ដោយផ្តល់ឯករាជ ភាពដល់អង្គភាពប្រឆាំងអំពើពុករលួយ តាម រយៈការផ្តល់អំណាចសម្រេច និងថវិកា សម្រាប់ អនុវត្តគ្រប់គ្រាន់ដើម្បីអនុវត្តច្បាប់ នេះឲ្យមានប្រសិទ្ធភាព ដោយវិធានការបោស សម្អាតអំពើពុករលួយពីលើចុះក្រោម (ពីអ្នក ធំមកតូច) និងតម្រូវឲ្យអ្នកដឹកនាំសំខាន់ៗ ប្រកាសទ្រព្យសម្បត្តិខ្លួន និងគ្រួសារជា សាធារណៈជាមុន និងក្រោយកាន់ដំណែង ។
 • បង្កើនប្រសិទ្ធភាពសេវាសាធារណៈ ដោយ ផ្តល់ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកង កម្លាំងប្រដាប់អាវុធ ឲ្យទទួលបានប្រាក់ បៀវត្សយ៉ាងតិច១លានរៀល ក្នុងមួយខែ ព្រមទាំងផ្តល់មុខងារ និងតួនាទីយោងតាម សមត្ថភាព និងគុណសម្បត្តិការងារ ។ រាល់ ការជ្រើសរើសមន្ត្រី បុគ្គលិករបស់រដ្ឋត្រូវ ធ្វើ ឡើង តាមរយៈការប្រឡងប្រជែងដោយ តម្លា ភាព ជៀសវាងការសូកប៉ាន់ និងបក្សពួក ។
 • កែទម្រង់ប្រព័ន្ធយុត្តិធម៌ ឲ្យធានាបានការផ្តល់ សេវាយុត្តិធម៌ត្រឹមត្រូវ ដោយគោរពនូវឯករាជ្យ ភាពនៃប្រព័ន្ធតុលាការ ឲ្យមានប្រសិទ្ធភាព ក្នុងកិច្ចការត្រួតពិនិត្យ និងដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញាដែលប្រព្រឹត្តិខុស លើក កម្ពស់តុលាការ មិនឲ្យស្ថិតនៅក្រោមអំណាច បុគ្គល អំណាចគណបក្សនយោបាយ ឬអំ ណាចនីតិប្រតិបត្តិឡើយ ។
 • ទប់ស្កាត់អំពើពុករលួយ របស់ចៅក្រមព្រះរាជ អាជ្ញា និងមន្ត្រីតុលាការផ្សេងទៀត ។ កែ ទម្រង់សមាសភាពឧត្តមក្រុមប្រឹក្សា នៃអង្គ ចៅក្រម និងបង្កើតច្បាប់លក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា ជាបន្ទាន់ដើម្បីធានាការប្រព្រឹត្ត ទៅនៃសាលា ជម្រះក្តីឲ្យប្រព្រឹត្តិទៅដោយ តម្លាភាព និងធានាបានយុត្តិធម៌ត្រឹមត្រូវ ។

១០‑ផ្នែកធានាឯករាជ្យភាពអធិបតេយ្យ

និងបូរណភាពទឹកដីខ្មែរ

 • ការពារជាដាច់ខាតនូវបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា និងមិនទទួលស្គាល់ ព្រំដែន ឬសន្ធិសញ្ញាណាដែលធ្វើឲ្យបាត់បង់ ទឹកដីជាដាច់ខាត ។
 • ចាត់វិធានការបង្ការ និងការពារព្រំដែនដោយ សន្តិវិធីតាមរយៈការអភិវឌ្ឍន៍ តាមបណ្តោយ ព្រំដែន មានការសាងសង់ផ្លូវថ្នល់ ស្ពាន មន្ទីរ ពេទ្យ សាលារៀន វត្តអារាម និងផ្សារជាដើម ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរទូទៅ រស់នៅតាមព្រំដែនឲ្យបានកាន់តែច្រើន ។
 • ចាត់វិធានការឲ្យទាន់ពេល តាមផ្លូវច្បាប់ដោយ អហិង្សា និងម៉ឺងម៉ាត់ចំពោះជនអន្តោប្រវេសន៍ ដែលមករស់នៅខុសច្បាប់ តាមរយៈការ អនុវត្តន៍ច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ ឲ្យបានត្រឹមត្រូវ និងផ្តន្ទាទោស ចំពោះមន្ត្រី មានសមត្ថកិច្ចណាដែលប្រព្រឹត្ត ផ្ទុយពីច្បាប់ និងការទទួលខុសត្រូវរបស់ខ្លួន ។
 • ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ នឹងអង្គការអន្តរជាតិ ជាមួយនឹងរដ្ឋាភិបាល ប្រទេសនានាក្នុងពិភពលោក ដោយឈរលើ ស្មារតីគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។ បង្កើននូវតួនាទីរបស់កម្ពុជា ក្នុងការបំពេញ បេសកកម្មសន្តិភាព ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក៏ដូចជាក្នុងការជម្រុញក្នុង ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិមនុស្សឲ្យបានទូលំទូលាយ នៅលើ ពិភពលោក ។

១១‑ផ្នែកលើកស្ទួយស្ត្រី

ស្ត្រី មានតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពក្នុងសង្គមជាតិ តាម រយៈភាពអត់ធ្មត់ ភាពមានការទទួលខុសត្រូវ និងភាព ម៉ត់ចត់ក្នុងការងារដែលស្ត្រីមានជាធម្មជាតិ ។ ដូចនេះ គណបក្សសង្គ្រោះជាតិ មានការប្តេជ្ញាច្បាស់លាស់ ដើម្បីការពារ និងជម្រុញស្ត្រីឲ្យទទួលបានជោគជ័យ ក្នុងការចូលរួមលើកិច្ចការសង្គម និងនយោបាយ

រាជរដ្ឋាភិបាលនៃគណបក្សសង្គ្រោះជាតិ មាន ទិសដៅក្នុងកិច្ចការពារ និងលើកស្ទួយស្ត្រីខ្មែរ ដូច តទៅ ៖

 • ធានាឲ្យស្ត្រីមានលទ្ធភាព ទទួលបានការអប់រំ ស្មើបុរសដោយការផ្ដល់តួនាទី និងការឧបត្ថម្ភ ពិសេស ។
 • ធានាឲ្យស្ត្រីទទួលនូវសេវាសុខាភិបាល បាន ត្រឹមត្រូវ ។
 • ធានា និងការពារស្ត្រីជាជនជាតិដើម ក្នុងការ ប្រើប្រាស់ដីសហគមន៍ និងគ្រប់គ្រងដីតាម បែបជាប្រពៃណីរបស់ខ្លួន ។
 • ផ្តល់សិទ្ធិស្មើគ្នាដល់ស្ត្រី ក្នុងលទ្ធភាពទទួល ផលវិស័យសេដ្ឋកិច្ច ។
 • ផ្តល់ការធានាតំណែង និងតួនាទីដល់ស្ត្រីក្នុង ការងាររដ្ឋ ដោយមានកូតាច្បាស់លាស់ ។
 • ធានាឲ្យស្ត្រីទទួលបានប្រាក់កម្រៃការងារ បាន ត្រឹមត្រូវដូចបុរស ។
 • ធានាឲ្យមានការចូលរួមពីស្ត្រី ក្នុងការធ្វើ សេចក្តីសម្រេចទាំងឡាយ ។

១២-ថវិកាដើម្បីតម្លើងប្រាក់ខែជូនមន្ត្រីរាជការ

និងឧបត្ថម្ភ៤ម៉ឺនរៀលដល់មនុស្សចាស់

ចំពោះប្រាក់ចំណូលថវិកាជាតិ រាជរាជរដ្ឋាភិ បាលនៃគណបក្សសង្គ្រោះជាតិ នឹងប្រមូលបានពី ១,០០០ ទៅ១,៥០០លានដុល្លារអាមេរិក បន្ថែមលើ ចំណូលជាតិបច្ចុប្បន្ន ដែលជាប្រភពចំណូលក្នុង ស្រុករួមមាន ៖

 • ពីការបង្កើននូវប្រសិទ្ធភាព ការប្រមូលពន្ធដារ និងពន្ធគយដែលមានស្រាប់ ។
 • ចំណូលពីការបង្កើននូវប្រសិទ្ធភាព ពីការ ប្រមូលប្រាក់ពីទេសចរណ៍ និងប្រាក់ចំណូល ពីការទស្សនាប្រាសាទបូរាណ ។
 • ចំណូលពីការយកឈ្នួល ពីដីសម្បទានសេដ្ឋ កិច្ចក្នុងតម្លៃយ៉ាងតិច៧០ដុល្លារ មួយហិកតា ក្នុងមួយឆ្នាំ និងពីទ្រព្យសម្បត្តិរដ្ឋដែលលក់ និងជួលផ្សេងទៀត ។
 • ចំណូលពីការផ្តល់អាជ្ញាប័ណ្ណ និងការធ្វើអាជីវ កម្មរ៉ែផ្សេងៗ ជាពិសេសចំណូលពីរ៉ែ មាស ធ្យូងថ្ម ប្រេងកាត និងឧស្ម័ន ។
 • ធ្វើច្បាប់គ្រប់គ្រង បនល្បែងកាស៊ីណូ និង កំណត់ពន្ធឲ្យបានត្រឹមត្រូវ ។
 • កាត់បន្ថយនូវការចំណាយអត់ប្រយោជន៍ ដូច ជាការចំណាយលើ ”បុគ្គលិករាជការកង កម្លាំងប្រដាប់អាវុធ ដែលមានតែឈ្មោះតែអត់ មនុស្ស” ការចំណាយលើទីប្រឹក្សា ជំនួយការ ក្រុមអង្គរក្ស ដ៏ច្រើនសមាជិករាជរដ្ឋាភិបាល អភិបាលរងរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។ល។ និងការបំប៉ោងចំណាយសាងសង់ និង ទិញសម្ភារៈ សម្រាប់រដ្ឋដោយគ្មានការដេញថ្លៃ និងត្រួត ពិនិត្យត្រឹមត្រូវ ៕