គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

វិធានផ្ទៃក្នុង នៃ ការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ចលនាយុវជនគណបក្សសង្រ្គោះជាតិ

វិធានផ្ទៃក្នុង

នៃ

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់

ចលនាយុវជនគណបក្សសង្រ្គោះជាតិ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១      ៖    វិធានផ្ទៃក្នុងនេះ មានគោលបំណងរៀបចំដំណើរការ និងការប្រព្រឹត្តិទៅនៃរចនាសម័្ពន្ធ របស់ចលនាយុវជនគណបក្សសង្រ្គោះជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែក អនុវត្ត ផែនការយុទ្ធសាស្រ្ត សកម្មភាពរបស់គណបក្ស។

ប្រការ ២     ៖    ចលនាយុវជនគណបក្សសង្រ្គោះជាតិ ជាសេនាធិការរបស់ប្រធាន និងអនុប្រធាន គណបក្ស និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។

ប្រការ ៣     ៖    យុវជនខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ អាចចូលរួមបានដោយ សេរីជាមួយចលនាយុវជនគណបក្សសង្គ្រោះជាតិ។

ជំពូកទី ២

រចនាសម័្ពន្ធដឹកនាំ

ប្រការ ៤      ៖    ចលនាយុវជនគណបក្សសង្រ្គោះជាតិ មានរចនាសម័្ពន្ធដឹកនាំ ដូចតទៅ៖

  • ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ
  • គណៈកម្មាធិការប្រតិបត្តិយុវជន
  • ទីប្រឹក្សាចលនាយុវជនគណបក្សសង្រ្គោះជាតិ
  • ចលនាយុវជនគណបក្សសង្រ្គោះជាតិថ្នាក់ក្រោមជាតិ

ផ្នែកទី១

ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ

ប្រការ ៥      ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ មានចំនួនយ៉ាងច្រើន ១០០រូប ដែលរួមមាន៖

  • ៥០រូប តំណាងឲ្យចលនាយុវជនរាជធានី-ខេត្ត
  • និង ៥០រូបទៀត តំណាងឲ្យយុវជនមកពីមជ្ឈដ្ឋាននានា

ថ្នាក់ដឹកនាំចលនាយុវជនរាជធានី-ខេត្តនីមួយៗ ត្រូវចាត់បញ្ជូនយុវជនជាតំណាង របស់ខ្លួនចំនួន២រូប មកធ្វើជាសមាជិកក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។

សមាសភាពក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ចំនួន៥០រូបទៀត ដែលមកពីមជ្ឈដ្ឋាន នានា ត្រូវជ្រើសរើសដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស តាមសំណើរបស់ប្រធាន និងអនុប្រធានគណបក្ស។

ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ តែងតាំងដោយប្រធានគណបក្ស ហើយមាន អាណត្តិ៥ឆ្នាំ។

ប្រការ ៦      ៖    គណៈកម្មាធិការប្រតិបត្តិគណបក្ស មានភារកិច្ច៖

  • រៀបចំទម្រង់ សម្រាប់ការដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាយុវជន សង្រ្គោះជាតិ។
  • ផ្សព្វផ្សាយ អំពីការរៀបចំក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ទៅគណៈកម្មាធិការ ប្រតិបត្តិរាជធានី-ខេត្ត ដើម្បីឲ្យថ្នាក់ដឹកនាំចលនាយុវជនគណបក្សសង្រ្គោះជាតិ រាជធានី-ខេត្ត ចាត់បញ្ជូនយុវជនជាតំណាងរបស់ខ្លួន ចំនួន២រូប ដែលបានបំពេញ លក្ខខណ្ឌដូចខាងក្រោម មកធ្វើជាតំណាងនៅក្នុងក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។
  • ប្រកាសរកបេក្ខជនមកពីមជ្ឈដ្ឋាននានា ដែលមានលក្ខណសម្បត្តិ ដូចខាងក្រោម៖
  • មានអាយុក្រោម៣៥ឆ្នាំ
  • មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត
  • មានកម្រិតវប្បធម៌ថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ
  • មានសកម្មភាពចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ
  • មានសីលធម៌ និងគុណធម៌ថ្លៃថ្នូរ។
  • រៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ

ប្រការ ៧     ៖    កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ត្រូវមានកូរ៉ុម ២/៣ នៃចំនួនសមាជិក ទាំងមូល ហើយត្រូវស្ថិតក្រោមអធិបតីភាពប្រធានគណបក្ស ដើម្បី៖

១.   ប្រកាសអំពីសុពលភាពនៃសមាជិកក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។

២.  បោះឆ្នោតជ្រើសរើស ប្រធាន១រូប និងអនុប្រធាន១រូប របស់ក្រុមប្រឹក្សាយុវជន សង្រ្គោះជាតិ។ បេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ និងបន្ទាប់ ត្រូវ ទទួលតួនាទី ជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។

៣.  បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិយុវជន។

ប្រការ ៨      ៖    ប្រធានក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ មានភារកិច្ច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ដែលមាន លេខាធិការគណៈកម្មាធិការប្រតិបត្តិយុវជនជាជំនួយការ។

អនុប្រធានក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ នឹងក្លាយជាប្រធានស្តីទី ក្នុងករណីប្រធាន ក្រុមប្រឹក្សាយុវជនសង្គ្រោះជាតិអវត្តមាន។

ប្រការ ៩      ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ត្រូវជួបប្រជុំ៣ខែម្តង ហើយនិងប្រជុំវិសាមញ្ញ តាមសំណើ របស់គណៈកម្មាធិការប្រតិបត្តិយុវជន។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ត្រូវ មានកូរ៉ុម និងការអនុម័ត លើសពីហាសិបភាគរយបូកមួយ (៥០%+១) នៃសមាជិក ទាំងមូល។

ប្រការ ១០   ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ មានតួនាទី និងភារកិច្ច៖

  • បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិយុវជន ២០រូប រួមមាន ប្រធាន១រូប អនុប្រធាន២រូប និងសមាជិក១៧រូប។
  • អនុម័តបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការប្រតិបត្តិយុវជន
  • ពិនិត្យ និងសម្រេច លើផែនការសកម្មភាពរបស់គណៈកម្មាធិការប្រតិបត្តិយុវជន។
  • រៀបចំគោលនយោបាយយុវជន។
  • ផ្តល់យោបល់លើគោលនយោបាយគណបក្សទាក់ទងប្រយោជន៍របស់យុវជន។
  • ធ្វើការវាយតម្លៃ និងតម្រង់ទិស លើការអនុវត្តការងាររបស់គណៈកម្មាធិការប្រតិបត្តិ យុវជន។
  • អនុវត្ត និងផ្សព្វផ្សាយគោលនយោបាយ កម្មវិធីនយោបាយ សេចក្តីសម្រេចនានា របស់គណបក្សដល់យុវជន។

ប្រការ ១១   ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ត្រូវរៀបចំឡើងយ៉ាងយូរ ៣ខែ បន្ទាប់ពីសមាជគណបក្ស។

ប្រការ ១២  ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ បាត់បង់សមាជិកភាពដោយ៖

  • មរណភាព
  • លាលែង
  • បញ្ចប់សមាជិកភាពពីក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ដោយគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស។

ប្រការ ១៣   ៖    ក្នុងករណីសមាជិកក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ឬគណៈកម្មាធិការប្រតិបត្តិយុវជន លាលែង ឬបាត់បង់សមាជិកភាព ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ត្រូវជូនដំណឹងទៅ គណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ ដើម្បីរៀបចំបំពេញបន្ថែម ដោយអនុវត្ត តាមប្រការ៥ ប្រការ៦ និងប្រការ៧។

ផ្នែកទី២

គណៈកម្មាធិការប្រតិបត្តិយុវជន

ប្រការ ១៤   ៖    គណៈកម្មាធិការប្រតិបត្តិយុវជន មានសមាជិកយ៉ាងច្រើន ២០រូប ដែលបោះឆ្នោតជ្រើស រើសដោយក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ចេញពីសមាជិករបស់ខ្លួន។ គណៈកម្មាធិការ ប្រតិបត្តិយុវជន មានសមាសភាព៖

  • ប្រធាន ១រូប
  • អនុប្រធាន ២រូប
  • លេខាធិការ ១រូប
  • ហេរញ្ញិក ១រូប
  • និងសមាជិក ១៥រូប

បេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ និងបន្តបន្ទាប់ ត្រូវទទួលតួនាទី ជាប្រធាន និងអនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិយុវជន។

ប្រធាន និងអនុប្រធាន ស្នើសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកគណៈកម្មាធិការ ប្រតិបត្តិយុវជន សម្រាប់បេក្ខជន លេខាធិការ និងហេរញ្ញិក តាមរយៈការបោះឆ្នោត ដោយសំឡេងគាំទ្រហាសិបភាគរយបូកមួយ (៥០%+១) នៃសមាជិកទាំងមូល។

គណៈកម្មាធិការប្រតិបត្តិយុវជន តែងតាំងដោយប្រធានគណបក្ស។

ប្រការ ១៥   ៖    ក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ ដែលមានបំណងឈរឈ្មោះជាបេក្ខជនគណៈកម្មាធិការ ប្រតិបត្តិយុវជនសង្រ្គោះជាតិ មានលក្ខណសម្បត្តិ ដូចខាងក្រោម៖

  • មិនមែនជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។
  • មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
  • មានលទ្ធភាពក្នុងការបំពេញការងារ។

ប្រការ ១៦   ៖    គណៈកម្មាធិការប្រតិបត្តិយុវជន ត្រូវជួបប្រជុំ១ខែម្តងយ៉ាងតិច ហើយនឹងមានតួនាទី និងភារកិច្ច៖

  • អនុវត្តផែនការសកម្មភាព ដែលក្រុមប្រឹក្សាយុវជនសង្គ្រោះជាតិបានកំណត់។
  • បង្កើតកម្មវិធីនានាជាមួយយុវជន។
  • សម្របសម្រួលក្នុងការរៀបចំកម្មវិធីយុវជន ដែលគណបក្សបានកំណត់។
  • សហការជាមួយគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត រាល់ការងារ និងកម្មវិធី នានារបស់ចលនាយុវជនគណបក្សសង្រ្គោះជាតិរាជធានី-ខេត្ត។
  • ធ្វើរបាយការណ៍ប្រចាំត្រីមាស ស្តីពីសកម្មភាពរបស់ខ្លួន ដាក់ជូនក្រុមប្រឹក្សា យុវជនសង្រ្គោះជាតិ។

ប្រការ ១៧   ៖    តួនាទី និងភារកិច្ច ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញិក និងនីតិវិធី និងការប្រព្រឹត្តិ ទៅរបស់គណៈកម្មាធិការប្រតិបត្តិយុវជន ត្រូវចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មា ធិការប្រតិបត្តិយុវជន។

ប្រការ ១៨   ៖    គណៈកម្មាធិការប្រតិបត្តិយុវជន ទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ។

ផ្នែកទី៣

ទីប្រឹក្សាចលនាយុវជនគណបក្សសង្រ្គោះជាតិ

ប្រការ ១៩   ៖    ចលនាយុវជនគណបក្សសង្រ្គោះជាតិ មានទីប្រឹក្សាមួយចំនួនតាមការចាំបាច់ ដែលតែង តាំងដោយប្រធាន និងអនុប្រធានគណបក្ស ពីក្នុងចំណោមឥស្សរជន ដែលយល់ដឹងអំពី យុវជន និងជាអតីតថ្នាក់ដឹកនាំចលនាយុវជនគណបក្សសង្រ្គោះជាតិ។

ប្រការ ២០  ៖    ទីប្រឹក្សាចលនាយុវជនគណបក្សសង្រ្គោះជាតិ មានភារកិច្ច ចូលរួមផ្តល់មតិយោបល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយុវជនសង្រ្គោះជាតិ និងគណៈកម្មាធិការប្រតិបត្តិយុវជន។

ផ្នែកទី៤

ចលនាយុវជនគណបក្សសង្រ្គោះជាតិថ្នាក់ក្រោមជាតិ

ប្រការ ២១  ៖    ចលនាយុវជនគណបក្សសង្រ្គោះជាតិថ្នាក់ក្រោមជាតិ មាន៖

  • ចលនាយុវជនឃុំ-សង្កាត់
  • ចលនាយុវជនក្រុង-ស្រុក-ខណ្ឌ
  • ចលនាយុវជនរាជធានី-ខេត្ត

ចលនាយុវជនគណបក្សសង្រ្គោះជាតិថ្នាក់ក្រោមជាតិ អនុវត្តតាមលក្ខន្តិកៈ និងបទ បញ្ជាផ្ទៃក្នុងគណបក្ស។

ប្រការ ២២  ៖    បែបបទ និងនីតិវិធីនៃការរៀបចំចលនាយុវជនគណបក្សសង្រ្គោះជាតិ ថ្នាក់ក្រោមជាតិ កំណត់ដោយគណៈកម្មាធិការប្រតិបត្តិគណបក្ស។

ជំពូកទី ៣

ហិរញ្ញវត្ថុ

ប្រការ ២៣  ៖    ចលនាយុវជនគណបក្សសង្រ្គោះជាតិ អាចទទួលបាន៖

  • ថវិកាពីគណបក្ស
  • វិភាគទានសមាជិក
  • និងតាមការជួយឧបត្ថម្ភ ឬតាមរយៈកម្មវិធីនានា ដោយស្របច្បាប់។

គោលការណ៍ហិរញ្ញវត្ថុ របស់ចលនាយុវជនគណបក្សសង្រ្គោះជាតិ ត្រូវចែងនៅក្នុង បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការប្រតិបត្តិយុវជន។

ជំពូកទី ៤

អន្តរប្បញ្ញតិ្ត

ប្រការ ២៤  ៖    អាណត្តិដំបូងរបស់ក្រុមប្រឹក្សាយុវជនសង្គ្រោះជាតិ ត្រូវបញ្ចប់បន្ទាប់ពីសមាជរបស់ គណបក្ស ក្រោយពេលដែលមានក្រុមប្រឹក្សាយុវជនសង្គ្រោះជាតិថ្មីមកជំនួស។

ប្រការ ២៥  ៖    នីតិវិធីនៃការរៀបចំក្រុមប្រឹក្សាយុវជនសង្គ្រោះជាតិលើកដំបូង នឹងមានចែងក្នុងសេចក្តី ណែនាំមួយដោយឡែកដោយគណៈកម្មាធិការប្រតិបត្តិគណបក្ស។

ជំពូកទី ៥

អវសានប្បញ្ញត្តិ

ប្រការ ២៦  ៖    សេចក្តីសម្រេច ឬសេចក្តីណែនាំ ឬបទបញ្ជាណាដែលផ្ទុយនឹងវិធានផ្ទៃក្នុងនៃការរៀបចំ និងការប្រព្រឹត្តិទៅរបស់ចលនាយុវជនគណបក្សសង្គ្រោះជាតិនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ២៧  ៖    វិធានផ្ទៃក្នុងនៃការរៀបចំ និងការប្រព្រឹត្តិទៅ របស់ចលនាយុវជនគណបក្សសង្រ្គោះជាតិ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ឯកសារស្តីពីវិធានផ្ទៃក្នុង  នៃ  ការរៀបចំ និងការប្រព្រឹត្តិទៅរបស់  ចលនាយុវជនគណបក្សសង្រ្គោះជាតិ ចុះផ្សាយឆ្នាំ២២ ខែតុលា ឆ្នាំ២០១៦