គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

គណៈកម្មាធិការអចិន្រ្តៃយ៍

យោងតាមលក្ខន្តិកៈគណបក្ស

ប្រការ ៤២ ៖

គណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្ស ។

គណៈកម្មាធិការអចិន្រ្តៃយ៍ មានសិទ្ធិសម្រេចលើគ្រប់បញ្ហា និងការងារចាំបាច់ រួមទាំងការបញ្ចប់សមាជិកភាព ហើយ និងស្នើសុំឲ្យប្រធានគណបក្ស តែងតាំង ឬដកតួនាទី ឬព្យួរតំណែង មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ។ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ទទួលខុសត្រូវលើរាល់សេចក្តីសម្រេចទាំងនោះ នៅចំពោះមុខគណៈកម្មាធិការ នាយក ។

ប្រការ ៤៣ ៖

គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស រៀបចំគម្រោងផែនការធំៗ ដាក់ជូនគណៈកម្មាធិការនាយកពិនិត្យ មុន នឹងដាក់ជូនសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ពិភាក្សា និងអនុម័ត ។

គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស មានចំនួនយ៉ាងច្រើន ២៩រូប ដែលមានសមាសភាពដូចតទៅ ៖

  • ប្រធាន និងអនុប្រធានគណបក្ស
  • ប្រធាន និងអនុប្រធានគណៈកម្មាធិការនាយក
  • ប្រធាន និងអនុប្រធានគណៈកម្មាធិការវិន័យ
  • ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ
  • អគ្គនាយករដ្ឋបាល និងអគ្គនាយករង
  • អគ្គនាយកទំនាក់ទំនងសាធារណៈ និងអគ្គនាយករង
  • អគ្គនាយកហិរញ្ញវត្ថុ និងអគ្គនាយករង
  • និងសមាជិកមួយចំនួន ដែលជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ខ្លួន តាមសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ប្រធាន និងអនុប្រធានគណបក្ស ជាប្រធាន និងអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាចប្រព្រឹត្តទៅបានតាមការសម្រេចរបស់ប្រធាន ឬតាមសំណើចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ហើយចាំបាច់ត្រូវមានកូរ៉ុម ២/៣ នៃសមាជិកទាំងមូល ។

សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវមានសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃ សមាជិកទាំងមូល ។

ប្រការ ៤៤ ៖

ប្រធាន និងអនុប្រធានគណបក្ស ត្រូវបានជ្រើសតាំងដោយសមាជ តាមរយៈការអនុម័តបញ្ជីបេក្ខជនដោយ សម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកវត្តមានដែលមានសិទ្ធិសម្រេច សម្រាប់អាណត្តិ ៥ឆ្នាំ។

បញ្ជីបេក្ខជន គឺជាបញ្ជីរួមរបស់បេក្ខជនប្រធាន និងអនុប្រធានគណបក្ស ។ បញ្ជីនេះត្រូវមានការគាំទ្រពី សមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ឥស្សរជននយោបាយក្នុងគណបក្សមួយរូប អាចធ្វើជាប្រធានគណបក្សត្រឹមពីរអាណត្តិ(១០ឆ្នាំ) ។

ប្រការ ៤៥ ៖

អនុប្រធានគណបក្ស ទទួលដឹកនាំការងារគណបក្សតាមការកំណត់របស់ប្រធានគណបក្ស ។

នៅពេលអវត្តមានប្រធាន អនុប្រធានត្រូវបានទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ដែលមានបុព្វសិទ្ធិដូច ប្រធានគណបក្ស ។

ក្នុងករណីអវត្តមានប្រធាន និងអនុប្រធាន អ្នកទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ត្រូវជ្រើសតាមឋានានុក្រម ដូចខាងក្រោម ៖

១-  ប្រធានគណៈកម្មាធិការនាយក

២-  ប្រធានគណៈកម្មាធិការវិន័យ

៣-  ប្រធានគណៈកម្មាធិការប្រតិបត្តិ

៤-  អនុប្រធានគណៈកម្មាធិការនាយក

៥-  អនុប្រធានគណៈកម្មាធិការវិន័យ

៦-  អនុប្រធានគណៈកម្មាធិការប្រតិបត្តិ

ការទទួលសិទ្ធិជាប្រធានគណបក្សស្តីទីនេះ ត្រូវធ្វើតាមរយៈលិខិតផ្ទេរសិទ្ធិពីប្រធានគណបក្ស ។

ប្រការ ៤៦ ៖

ប្រធានគណបក្ស មានខុទ្ទកាល័យមួយ ដើម្បីជួយដល់កិច្ចការផ្ទាល់របស់ខ្លួន ។ ខុទ្ទកាល័យប្រធានគណបក្ស ដឹកនាំដោយនាយខុទ្ទកាល័យមួយរូប អមដោយនាយរងខុទ្ទកាល័យមួយចំនួនដែលតែងតាំងដោយប្រធានគណបក្ស ។

ប្រធានគណបក្ស តែងតាំង ឬផ្លាស់ប្តូរបេក្ខជនតំណាងរាស្រ្ត បេក្ខជនសមាជិកព្រឹទ្ធសភា និងបេក្ខជន ថ្នាក់ដឹកនាំដទៃទៀត តាមសំណើរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។

ប្រធានគណបក្ស មានសិទ្ធិតែងតាំង ឬដកតួនាទី បេសកជន និងទីប្រឹក្សាផ្ទាល់របស់ខ្លួន ។

ប្រការ ៤៧ ៖

ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ ៖

  • អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយ គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុង ចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ដើម្បីជួយការងារប្រធានគណបក្សស្តីទី រហូតដល់ចប់អាណត្តិ

អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បី ជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មីក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំ គណបក្សរហូតដល់ចប់អាណត្តិ ។

ទាញយកឯកសារបន្ថែមជា PDF