គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

គណៈកម្មាធិការប្រតិបត្តិ

យោងតាមលក្ខន្តិកៈរបស់គណបក្ស

ប្រការ ៣៥ ៖

គណៈកម្មាធិការប្រតិបត្តិ ជាស្ថាប័ននីតិប្រតិបត្តិរបស់គណបក្ស ។ គណៈកម្មាធិការប្រតិបត្តិគ្រប់គ្រង និង ធានាការប្រព្រឹត្តិទៅនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ព្រមទាំងរចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងសាខាគណបក្សនៅក្រៅប្រទេស ។

គណៈកម្មាធិការប្រតិបត្តិ អនុវត្តការងារប្រចាំថ្ងៃតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោម ការត្រួតពិនិត្យរបស់ប្រធាន និងអនុប្រធានគណបក្ស ។

ប្រការ ៣៦ ៖

គណៈកម្មាធិការប្រតិបត្តិ មានសមាសភាពជ្រើសចេញមកពីសមាជិកគណៈកម្មាធិការនាយក ៖

  • ប្រធាន មួយរូប
  • អនុប្រធាន យ៉ាងតិចមួយរូប
  • អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានរដ្ឋបាល
  • អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ
  • អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ។

អនុប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលការងារតាមការកំណត់របស់ប្រធានគណៈកម្មាធិការប្រតិបត្តិ ។

ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តែងតាំងដោយប្រធានគណបក្ស បន្ទាប់ពីបានទទួលការ យល់ព្រមពីគណៈកម្មាធិការនាយក ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ។

ប្រការ ៣៧ ៖

គណៈកម្មាធិការប្រតិបត្តិ មានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ ជាសេនាធិការ ។

អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំងបី តែងតាំងដោយប្រធានគណបក្ស តាមសំណើរបស់ ប្រធានគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានទទួលការយល់ព្រមពីគណៈកម្មាធិការនាយកដោយសម្លេងភាគច្រើន ដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ប្រការ ៣៨ ៖

អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ មាននាយកដ្ឋាន មួយចំនួនតាមតម្រូវការចាំបាច់ ។ នាយកដ្ឋាននីមួយៗ ដឹកនាំដោយ ប្រធានមួយរូប និងអនុប្រធានមួយរូប ដែល តែងតាំងដោយប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើរបស់អគ្គនាយក ។

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ កំណត់ដោយគណៈកម្មាធិការប្រតិបត្តិ ។

ប្រការ ៣៩ ៖

អគ្គនាយកដ្ឋានហិរញ្ញវត្ថុ ទទួលបន្ទុកគ្រប់គ្រងថវិកា និងបញ្ជីសារពើភ័ណ្ឌទាំងអស់របស់គណបក្ស ។

ប្រការ ៤០ ៖

អគ្គនាយកហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ស្តីពីប្រាក់ចំណូល-ចំណាយរបស់គណបក្ស ជូនប្រធាន អនុប្រធានគណបក្ស ប្រធានគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការនាយក ។

ប្រការ ៤១ ៖

ប្រធានគណៈកម្មាធិការប្រតិបត្តិ ឬអនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិដោយមិនគិតកូរ៉ុម ដើម្បីប្រតិបត្តិការងារប្រចាំថ្ងៃ ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មា ធិការអចិន្រ្តៃយ៍ ។

គណៈកម្មាធិការប្រតិបត្តិមានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការប្រតិបត្តិចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការប្រតិបត្តិថ្មីចូលកាន់តំណែង ។

ទាញយកឯកសារបន្ថែមជា PDF