គណបក្សសង្គ្រោះជាតិ

Cambodia National Rescue Party

សង្គ្រោះ បម្រើ ការពារ

 Rescue    Serve   Protect

 
 
 
 

គណៈកម្មាធិការនាយក

យោងតាមលក្ខន្តិកៈរបស់គណបក្ស

ប្រការ ២៥ ៖

គណៈកម្មាធិការនាយក គឺជាស្ថាប័ននីតិប្បញ្ញត្តិរបស់គណបក្ស ។ គណៈកម្មាធិការនាយកអនុវត្តទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលកំណត់ដោយសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ។

គណៈកម្មាធិការនាយក មានសមាជិកយ៉ាងតិច៦៩រូប ដែលផ្តល់សេចក្តីទុកចិត្ត ដោយសមាជគណបក្ស សម្រាប់អាណត្តិ ៥ឆ្នាំ ។ បេក្ខជនគណៈកម្មាធិការនាយកត្រូវបានជ្រើសរើស ៖

–     ពីតំណាងគណបក្សរាជធានី-ខេត្ត ដែលជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាជាតិតំណាងរាជធានី-ខេត្ត និងប្រធានគណៈកម្មាធិការប្រតិបត្តិឃុំ-សង្កាត់ក្នុងរាជធានី-ខេត្តសាមី ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកតំណាងគណបក្សរាជធានី-ខេត្តនីមួយៗ មានចំនួនយ៉ាងច្រើនស្មើនឹងអាសនៈតំណាងរាស្រ្តក្នុង រាជធានី-ខេត្តសាមី បូកមួយ ចែកនឹងពីរ ។

–     ដោយគណៈកម្មាធិការនាយកតាមសំណើរបស់ប្រធានគណបក្ស ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកដែលជ្រើសរើសនេះមិនត្រូវលើសចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមកពីតំណាង គណបក្សរាជធានី-ខេត្ត ហើយត្រូវផ្តល់អាទិភាពដល់យុវជន និងស្រ្តី ។

នីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

ប្រការ ២៦ ៖

គណៈកម្មាធិការនាយក បង្កើតគណៈកម្មាធិការវិន័យគណបក្សដូចមានចែងក្នុងផ្នែកទី៤ នៃលក្ខន្តិកៈនេះ ។

គណៈកម្មាធិការនាយក ជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។

គណៈកម្មាធិការនាយក ផ្តល់សេចក្តីទុកចិត្តដល់ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើ របស់ប្រធានគណបក្ស ។

គណៈកម្មាធិការនាយក អាចបង្កើតគណៈកម្មការនានាតាមការចាំបាច់ ។

ប្រការ ២៧ ៖

គណៈកម្មាធិការនាយក ត្រួតពិនិត្យការប្រតិបត្តិរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស និងអាចផ្តួចផ្តើម គំនិតឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំគណបក្សស្របតាមស្ថានការណ៍ និងកាលៈទេសៈជាក់ស្តែងដើម្បីឲ្យគណបក្ស មានការរីកចម្រើន ។

គណៈកម្មាធិការនាយកពិភាក្សា អនុម័តរាល់បទប្បញ្ញត្តិផ្សេងៗរបស់គណបក្ស តាមសំណើរបស់គណៈកម្មា ធិការអចិន្ត្រៃយ៍ ។

ប្រការ ២៨ ៖

គណៈកម្មាធិការនាយក ដឹកនាំដោយប្រធាន មួយរូប និងអនុប្រធាន យ៉ាងតិចមួយរូប ។

ប្រធានគណៈកម្មាធិការនាយក ជ្រើសតាំងដោយសមាជិកគណៈកម្មាធិការនាយក តាមរយៈការបោះឆ្នោត សម្ងាត់ដោយសម្លេងភាគច្រើន (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

បេក្ខជនប្រធានគណៈកម្មាធិការនាយក ជាសមាជិកគណៈកម្មាធិការនាយក ដែលមានការគាំទ្រពីសមាជិក គណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

អនុប្រធានគណៈកម្មាធិការនាយក ត្រូវបានផ្តល់សេចក្តីទុកចិត្តដោយសម្លេងភាគច្រើន (៥០%+១) នៃ សមាជិកគណៈកម្មាធិការនាយកទាំងមូល តាមសំណើរបស់ប្រធានគណៈកម្មាធិការនាយក ។

ប្រការ ២៩ ៖

គណៈកម្មាធិការនាយក មានអាណត្តិ៥ឆ្នាំ ។ សមាជិកគណៈកម្មាធិការនាយកចាស់នឹងអស់សុពលភាព នៅពេលសមាជិកគណៈកម្មាធិការនាយកថ្មីចូលកាន់តំណែង ។

ប្រការ ៣០ ៖

គណៈកម្មាធិការនាយក ជួបប្រជុំគ្នាយ៉ាងតិច ៣ខែម្តង ។ ក្នុងករណីពិសេស ប្រធានគណបក្ស ឬប្រធាន គណៈកម្មាធិការនាយក ឬសំណើ ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយក ។

នីតិវិធីនៃកិច្ចប្រជុំគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

ទាញយកឯកសារបន្ថែម (CNRP-Bylaws-Last-update2017)